កណ្ដាល៖ មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ កំពុងតែពន្លឿនធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (បណ្ណ ឯ.អ) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគេយកទៅប្រើជំនួយអត្តសញ្ញាណបណ្ណ ដែលអាចចូលរួមបោះឆ្នោតបាន ។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃតែងមានប្រជាពលរដ្ឋ ដែលបានបាត់ ឬខូចអត្តសញ្ញាណបណ្ណ បានទៅធ្វើបណ្ណ ឯ.អ បន្ទាប់ពីមានការផ្សព្វផ្សាយ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់នោះ បានចូលរួមបោះឆ្នោត ។
មន្ត្រី គ.ជ.ប ក៏បានអំពាវនាវទៅប្រជាពលរដ្ឋ ដែលបានបាត់ ឬខូចអត្តសញ្ញាណបណ្ណនេះ សូមរុះរាន់មកធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ នៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន ឲ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៃពេលវេលាម៉ោងធ្វើការ ដើម្បីកុំឲ្យខកខានការបោះឆ្នោត ។
សម្រាប់ពលរដ្ឋ មកធ្វើប័ណ្ណ ឯ.អ លើកឡើងថា ពួកគាត់ក៏មានការបារម្ភផងដែរ ដែលបានបាត់អត្តសញ្ញាណបណ្ណ និងមិនបានចូលរួមការបោះឆ្នោតដូចគេ ប៉ុន្តែបន្ទាប់ពីប្ដឹងទៅប៉ុស្តិ៍រដ្ឋនគរបាលឃុំ ហើយបានប្រាប់អាជ្ញាធរភូមិ-ឃុំ ពីករណីនេះ ទើបអាជ្ញាធរបានណែនាំមកឲ្យធ្វើបណ្ណ ឯ.អ នៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ និងពីបន្ទាប់ទទួលបានបណ្ណនេះ ពួកគាត់សប្បាយចិត្ត ដោយអាចមានសិទ្ធិបោះឆ្នោតបានដូចពលរដ្ឋដទៃទៀតផងដែរ ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ៕អត្ថបទ បាន សុខរិទ្ធិ