កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ បានក្រើនរម្លឹកប្រជាពលរដ្ឋ ត្រៀមឱ្យបានរួចរាល់នូវអត្តសញ្ញាណបណ្ណ ក៏ដូចជាឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
ឯកឧត្តម ហ៊ុន ម៉ានី ក្រើនរម្លឹកបែបនេះ ក្នុងឱកាស ចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនជាង៦០០ នាក់ នៅឃុំ ព្រៃវិហារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តម បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងសមាជិកគណបក្សទាំងអស់ដែលមិនទាន់ទទួលបានអត្តសញ្ញាណបណ្ណ បាត់ ខូច ឬកែតម្រូវ អត្តសញ្ញាណបណ្ណ ត្រូវស្នើសុំ ឯកសារបញ្ជាក់អត្តសញ្ញាណ នៅតាមគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងឃុំសង្កាត់ដែលខ្លួនមានឈ្មោះបោះឆ្នោត។
ក្នុងការជួបសំណេះសំណាលនេះដែរ ឯកឧត្តម សំ រិទ្ធី តំណាងរាស្រ្តទទួលចុះជួយស្រុក គងពិសី ក៏បានពន្យល់បន្ថែមទៅកាន់ប្រជាពលរដ្ឋ ពីរបៀបគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវផងដែរ។ ឯកឧត្តម ណែនាំដល់ពលរដ្ឋគូសសន្លឹកឆ្នោត ត្រូវប្រុងប្រយ័ត្នដើម្បីចៀសវាងក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។
ក្រោយទទួលបានការរម្លឹកបន្ថែម ប្រជាពលរដ្ឋបានលើកឡើងថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលអាចដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខ និងរក្សាបាននូវសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋចំនួនជាង ៩លាន ៧សែននាក់ នឹងចូលរួមការបោះឆ្នោត៕អត្ថបទ៖ ហុក