មន្ត្រីដែលដឹងច្បាស់ជាមួយនឹងជំនួប បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ នៅថ្ងៃពុធ។ ជំនួបនេះ នឹងបង្ហាញពីសញ្ញាមួយនៃសាមគ្គីភាព ខណៈវត្តមានរបស់លោក Zelenksyy នៅក្នុងកិច្ចប្រជុំកំពូល។

សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនគឺស្ថិតនៅក្នុងចំណោមចំណុចនៃរបៀបវារៈសម្រាប់មេដឹកនាំសម្ព័ន្ធយោធាណាតូ រួមជាមួយកិច្ចពិភាក្សាអំពីផ្លូវនាពេលអនាគតសម្រាប់ប្រទេសហែកហួរដោយសង្គ្រាម ដើម្បីចូលជាសមាជិករបស់សម្ព័ន្ធនេះដែលបានជំរុញឲ្យមានភាពខ្វែងគំនិតគ្នាមួយចំនួនក្នុងចំណោមមេដឹកនាំ។
ប្រទេសអ៊ុយក្រែន ត្រូវបានកំណត់គ្របដណ្តប់លើរបៀបវារៈនៃកិច្ចប្រជុំកំពូល ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក សំឡឹងទៅរកការរក្សាក្រុមនេះឲ្យរួបរួមគ្នា នៅពីក្រោយលោក Zelenskyy ក្នុងការប្រឈមទៅនឹងការវាយលុករបស់រុស្ស៊ី។ សម្ព័ន្ធមិត្តកំពុងប្រឈមនឹងសំនួរជាច្រើនអំពីផ្លូវដ៏សំខាន់បំផុតឆ្ពោះទៅរកសមាជិកភាពសម្ព័ន្ធណាតូ សម្រាប់ប្រទេសអ៊ុយក្រែន ព្រមទាំងជំនួយយោធាបន្ថែមទៀត ខណៈការវាយបករបស់ប្រទេសនេះនៅបន្ត។
លោកBiden បានបង្ហាញពីចំណុចរារែកមួយចំនួនលើក្តីរំពឹងរបស់ប្រទេសអ៊ុយក្រែន ក្នុងកាចូលរួមជាមួយសម្ព័ន្ធយោធាណាតូ ខណៈសង្គ្រាមនៅបន្ត និងបាននិយាយលើកឡើង ពីកំណែទម្រង់ប្រទេស ដែលនឹងចាំបាច់ត្រូវចូលរួមជាមួយសម្ព័ន្ធន្ធមិត្ត។
លោក Biden បានប្រាប់សារព័ត៌មាន CNN ថាលោកមិនគិតថា មានការឯកភាពគ្នាក្នុងសម្ព័ន្ធយោធាណាតូនោះទេ អំពីបញ្ហាថាតើ ត្រូវឬមិនត្រូវនាំយកអ៊ុយក្រែន ចូលមកក្នុងគ្រួសារសម្ព័ន្ធយោធាណាតូនៅពេលនេះ ឬយ៉ាងណាក្នុងពេលកំពុងមានសង្គ្រាមបែបនេះ។
