អាជ្ញាធររួមជាមួយនឹងវិទ្យាស្ថានបេះដូងនៃក្រសួងសុខាភិបាលរបស់ប្រទេសអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ថា ទោះកំពុងស្ថិតក្នុងសង្រ្គាមដ៏ក្ដៅគគុក និងការគំរាមកំហែងឥតឈប់ឈរពីការបាល់មីស៊ីលរបស់ប្រទេសរុស្ស៊ីក៏ដោយ ក៏ការវះកាត់ប្តូរបេះដូងសម្រាប់ក្មេងស្រីអាយុ ៦ឆ្នាំ នៅទីក្រុងគីវ (Kyiv) ត្រូវបានធ្វើឡើងដោយជោគជ័យដែរ។

ការវះកាត់រយៈពេល ៣ម៉ោងដែលបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានផ្ដល់ឲ្យក្មេងស្រីម្នាក់នូវបេះដូង ដែលយកមកពីក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលគ្រូពេទ្យបានប្រកាសថា ខួរក្បាលរបស់ក្មេងប្រុសនោះលែងដំណើរការហើយ បន្ទាប់ពីកើតមានជំងឺហើមសរសៃឈាមក្រហម។
វិទ្យាស្ថានបានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលការវះកាត់ប្តូរបេះដូង ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែនលើកុមារដែលនៅក្មេងយ៉ាងនេះ ហើយវិទ្យាស្ថានក៏បាននិយាយទៀតថា៖ «ការវះកាត់នេះ ក៏មានលក្ខណៈពិសេសផងដែរ ដោយទាំងអ្នកបរិច្ចាគ ទាំងអ្នកទទួល គឺជាកុមារតូចៗដូចគ្នា ហើយការវះកាត់ប្តូរនេះ តម្រូវឲ្យមានការប្រឹងប្រែងបន្ថែមទៀតពីក្រុមវេជ្ជបណ្ឌិត»។
វិទ្យាស្ថានបេះដូង បានបញ្ចេញនូវរូបភាពនៃការវះកាត់ ដោយបង្ហាញពីម្តាយរបស់ក្មេងប្រុសដែលបេះដូងរបស់គេត្រូវបានបរិច្ចាគ ឈរក្បែរគ្រែរបស់ក្មេងស្រីអ្នកជំងឺនោះ។
ជាមួយគ្នានេះ វិទ្យាស្ថានបានឲ្យដឹងបន្ថែមទៀតដែរថា ក្នុងអំឡុងពេលសង្រ្គាមនេះ វិទ្យាស្ថានឃើញមានអ្នកជំងឺកាន់តែច្រើនឡើងៗ ដែលកើតមានជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃកាន់តែអាក្រក់ទៅៗ ដោយសារតែភាពតានតឹង៕
