កំពង់ចាម៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃជារួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ១០ថ្ងៃកន្លងមក និងរៀបចំរបៀបគូសសន្លឹកឆ្នោតសាកល្បងឱ្យបានត្រឹមត្រូវជូនសមាជិកគណបក្សឃុំតំបែរចំនួន ៣៥០នាក់ និងឃុំគោក ស្រុកចំនួន ១៥០នាក់។
ជារួមសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងស្រុកទទួលបានលទ្ធផលគួរជាទីមោទន ហើយលទ្ធផលដ៏ល្អនេះ ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើការខិតខំ និងស្មារតីលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានឃុំគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រ លើកទឹកចិត្តសមាជិកបក្សទាំងអស់ឱ្យខិតខំបន្តយុទ្ធនាការនេះឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចជោគជ័យធំធេងនៅថ្ងៃទី២៣ ខាងមុខ។
ទិសដៅចំពោះមុខ ឯកឧត្តមបានណែនាំដល់សកម្មជនគណបក្សឱ្យបន្តចុះគ្រប់ខ្នង ផ្ទះដើម្បីជួយពន្យល់ ណែនាំ និងបង្រៀនសមាជិកគណបក្សគ្រប់ៗរូបត្រូវត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ (អត្តសញ្ញាណបណ្ណ មធ្យោបាយធ្វើដំណើរ និងពេលវេលា) មុននឹងចេញទៅបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជាម្នាក់ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវចងចាំជានិច្ចថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឱ្យខ្លួនឯង ធានាបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។
គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះទូទាំងស្រុកបានចំនួន ៤,៧៩៥ និងបានជួបសមាជិកបក្សចំនួន ២២,៤៨៥ ក្នុងចំណោមសមាជិកបក្សទូទាំងស្រុកចំនួន ៣៦,៥៨០នាក់ ស្នើនឹង ៦១%៕








