អាជ្ញាធរ បាននិយាយថា អ្នកបើកយន្តហោះម្នាក់ បានរត់គេចខ្លួនដោយមានរបួសស្រាល បន្ទាប់ពីយន្តហោះម៉ាស៊ីនតែមួយ បានធ្លាក់បុកដំបូលឃ្លាំងមួយ កាលពីថ្ងៃចន្ទ នៅឯអាកាសយានដ្ឋានភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរសៀល ខណៈពេលដែលអ្នកបើកយន្តហោះ Cessna 172 កំពុងធ្វើការចុះចត និងហោះឡើង នៅអាកាសយានដ្ឋាន Long Beach ភាគខាងត្បូងនៃទីក្រុងឡូសអែនជឺឡស (Los Angeles )។
វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ ABC 7 បានបង្ហាញច្រមុះរបស់យន្តហោះ ដែលបានបុកទម្លុះចូលក្នុងដំបូលឃ្លាំង ហើយកន្ទុយវាឡើងលើ៕
