ប្រភពនានាបានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិនលោក Wang Yi នឹងចូលរួមកិច្ចប្រជុំអន្តរជាតិនៃរដ្ឋមន្ត្រីការបរទេស នៅប្រទេសឥណ្ឌូនេស៊ី នាសប្តាហ៍នេះ ដោយការធ្វើជាតំណាងនេះ បានបង្កើនសំណួរកាន់តែច្រើនឡើងថា តើរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ដែលមិនត្រូវបានគេឃើញរយៈពេលជាង ២សប្តាហ៍ហើយនោះ កំពុងនៅទីណា?

ប្រភព៣ ដែលដឹងពីបញ្ហានេះ បានបដិសេធមិនបង្ហាញអត្តសញ្ញាណនោះទេ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។ រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) នៅមុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន នៅថ្ងៃសុក្រ (ទី១៤ ខែកក្កដា)។
ជាធម្មតា រដ្ឋមន្ត្រីការបរទេស នឹងធ្វើជាតំណាងឲ្យប្រទេសចិន នៅក្នុងកិច្ចប្រជុំលើកនេះ នៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូនេស៊ី។ គេឃើញលោក Qin ជាសាធារណៈលើកចុងក្រោយ កាលពីថ្ងៃទី២៥ ខែមិថុនា ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានជំនួបជាមួយមន្ត្រីមកពីប្រទេសស្រីលង្កា រុស្ស៊ី និងវៀតណាម។
ក្រសួងការបរទេសចិន មិនបានឆ្លើយតបនឹងសំណួរថា តើលោក Qin ពេលនេះ នៅទីណានោះទេ ខណៈដែលរូបលោក បានអវត្តមាន ដោយមិនមានការកត់សម្គាល់នោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin ត្រូវបានសួរកាលពីថ្ងៃសុក្រសប្តាហ៍ (ទី៧ ខែកក្កដា) សប្ដាហ៍មុន អំពីអត្ថបទមួយក្នុងគេហទំព័រព័ត៌មាននយោបាយរបស់សហរដ្ឋអាមេរិក POLITICO ដែលបានលើកឡើងពីពាក្យចចាមអារ៉ាមថា លោក Qin អាចនឹងមានបញ្ហាសុខភាព។ លោក Wenbin បានឆ្លើយតបដោយខ្លីថា៖ «លោកមិនបានដឹងអំពីការរាយការណ៍នេះទេ»៕