ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសបើកយុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី ជាគណៈនាយកគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន សរុបចំនួន២៣៦នាក់។
បើតាមលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មានគ្រឹះស្ថានសរុបចំនួន៨១៣សាលា ក្នុងគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៤៨សាលា បុគ្គលិកអប់រំគ្រប់ក្របខណ្ឌសរុប១០,៤៥២នាក់ និងសិស្សានុសិស្សគ្រប់ភូមិសិក្សាសរុបចំនួន៤៩៦,៥០៤នាក់។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដោយចាប់ផ្តើមជាដំបូងនៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្នាក់ទី១០ រហូតដល់ថ្នាក់ទី១២ ក្នុងដំណាក់កាលទី១ នៅខែកក្កដា។
ដោយឡែកដំណាក់កាលទី២ ក្រុមការងារនឹងរៀបចំធ្វើនៅអំឡុងខែកញ្ញា ដែលជាផ្នែកមួយសម្រាប់គោរពជូនដល់លោកគ្រូ អ្នកគ្រូ តាមរយៈការដឹកនាំ ការបង្រៀន តាមវិធីសាស្រ្តបែបថ្មី ក្នុងបរិបទនៃការអប់រំឌីជីថល។ ហើយមួយផ្នែកទៀត គឺជូនដល់សិស្សានុសិស្សពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះ នឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន៣៨ នៅរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀន ជិត១០០០បន្ទប់៕អត្ថបទ រដ្ឋា






