ឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយកំពុងបង្កើនកម្លាំង នៅក្នុងតំបន់សមុទ្រអារ៉ាប់ក្បែរភាគនិរតីប្រទេសឥណ្ឌា ដោយបានបក់នាំខ្យល់កម្លាំង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។

ព្យុះស៊ីក្លូនតកតេ (Tauktae) ដែលជាព្យុះដ៏ធំលើកដំបូងនៃរដូវនេះ ត្រូវគេរំពឹងថានឹងបន្ទាបខ្លួនដល់ដីគោកនៅថ្ងៃអង្គារស្អែកក្នុងរដ្ឋហ្គូចារ៉ាត់ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញដោយក្រសួងឧតុនិយមឥណ្ឌា។ យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋកាណាតាកាភាគនិរតីនៅក្នុងតំបន់ឆ្នេរសមុទ្រអារ៉ាប់ឲ្យដឹងថា មនុស្ស ៦នាក់ស្លាប់ និងភូមិចំនួន ៧៣ រងការខូចខាតធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ។
ក្រុមអ្នកសង្គ្រោះរបស់រដ្ឋាភិបាលជិត ២,៥០០នាក់ត្រូវបានបញ្ជូនទៅកាន់រដ្ឋចំនួន ៦ ដែលជាផ្លូវរបស់ព្យុះស៊ីក្លូនតកតេមានដូចជារដ្ឋកេរ៉ាឡា, រដ្ឋកាណាតាកា, រដ្ឋតាមីលណាឌូ, រដ្ឋហ្គូនចារ៉ាត់, រដ្ឋមហារាស្ត្រ និងរដ្ឋហ្គូអា ដោយបំពាក់ប្រព័ន្ធវិទ្យុឥតខ្សែ ទូរស័ព្ទផ្កាយរណប ម៉ាស៊ីនអាឈើ និងឧបករណ៍មួយចំនួន ដែលជាតម្រូវការចាំបាច់ក្រោយព្យុះស៊ីក្លូនស្ងប់។ ក្រសួងឧតុនិយមនិយាយថា ព្យុះដែលកំពុងបោកបក់ក្នុងល្បឿន ១១គីឡូម៉ែត្រក្នុងមួយ បច្ចុប្បន្នមានកម្លាំង ៦៦០គីឡូម៉ែត្រក្នុងមួយម៉ោងនៅភាគអាគ្នេយ៍ទីក្រុង Veraval ក្នុងរដ្ឋហ្គូចារ៉ាត់៕
អត្ថបទ៖ សុខមាន