ថៃ៖ បាងកក៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីរនាំងសំណង់ដ៏ធំនៅលើផ្លូវដ៏មមាញឹកមួយបានដួលរលំនៅក្នុងទីក្រុងបាងកក នគរបាលបាននិយាយនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយវីដេអូនៃឧបទ្ទវហេតុនេះត្រូវបានចែកចាយយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត។

រនាំងដែកដ៏ធំនៅលើគម្រោងសាងសង់ផ្លូវហាយវេ Lat Krabang Tollway នៅភាគខាងកើតទីក្រុងនេះ បានបាក់ស្រុតដល់ដីកាលពីរសៀលថ្ងៃច័ន្ទ ដោយធ្វើឲ្យអ្នកថ្មើរជើង និងអ្នកបើកបរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ និង១២នាក់ទៀតរងរបួស។
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ នៅទីតាំងកើតហេតុថា "យើងមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឱ្យមានកើតមានឧបទ្ទវហេតុនេះទេ។ យើងមិនទាន់មានព័ត៌មានណាមួយអំពីអ្នកបាត់ខ្លួននៅឡើយទេ"។ លោកបានបន្ថែមថា អ្នករងរបួសបួននាក់ ដែលស្ថិតក្នុងចំណោមអ្នករងរបួសទាំងអស់ កំពុងមានស្ថានភាពធ្ងន់ធ្ងរ។

លោក Chadchart បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងរង់ចាំវិស្វករវិភាគការដួលរលំ មុនពេលចាប់ផ្តើមប្រតិបត្តិការ។ លោកបានបន្តថា៖ «យើងផ្តល់អាទិភាពដល់សុវត្ថិភាពជាមុន។ បន្ទាប់មកយើងនឹងចាប់ផ្តើមប្រតិបត្តិការស្វែងរកដោយប្រុងប្រយ័ត្ន»៕