តៃវ៉ាន់៖ ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បានដកខ្លួនចេញពីការបណ្តាក់ទុនឧបករណ៍បន្ទះអេឡិចត្រូនិចរួមគ្នាតម្លៃ១៩,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុឧស្សាហកម្មលោហធាតុ-ប្រេង Vedanta របស់ឥណ្ឌា ដោយក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃចន្ទ (១០ កក្កដា) នៅក្នុងជំហានថយក្រោយនៃផែនការផលិតបន្ទះឈីបលោករបស់នាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ប្រទេសឥណ្ឌា។

ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគូកាលពីឆ្នាំមុនក្នុងការបង្កើតរោងចក្រផលិតបន្ទះអេឡិចត្រូនិក និងការដាក់តាំងបង្ហាញនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា។ កង្វល់អំពីការពន្យារពេលអនុម័តលើការលើកទឹកចិត្តដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានរួមចំណែកដល់ការសម្រេចរបស់ក្រុមហ៊ុន Foxconn ក្នុងការដកខ្លួនចេញពីការបណ្តាក់ទុននេះ ដោយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ។
ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុន Vedanta អស់រយៈពេលជាងមួយឆ្នាំដើម្បីនាំយក "គំនិតផលិតបន្ទះអេឡិចត្រូនិកដ៏អស្ចារ្យមួយនេះឲ្យក្លាយជាការពិត" ប៉ុន្តែពួកគេបានសម្រេចព្រមគ្នាដើម្បីបញ្ចប់ការបណ្តាក់ទុនរួមគ្នា ហើយនឹងដកឈ្មោះចេញពីអង្គភាពអាជីវកម្ម ដែលឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Vedanta ។

ក្រុមហ៊ុន Vedanta បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះអេឡិចត្រូនិករបស់ខ្លួន ហើយបាន "ប្រមូលដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា"។ ក្រុមហ៊ុននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមហ៊ុន Vedanta បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ" ដើម្បីបំពេញចក្ខុវិស័យរបស់លោកនាយករដ្ឋបន្រ្តី Modi ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Vedanta របស់ឥណ្ឌាបានធ្លាក់ចុះជាង ២% នៅថ្ងៃអង្គារ (១១ កក្កដា)នេះ ជុំវិញបញ្ហាមួយនេះ៕