ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ បានឱ្យដឹងថា ដោយសារការផ្លាស់ប្ដូរ នៃកត្តាជីវភាព និងមានសុខភាពបានធ្វើឱ្យអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋខ្មែរមានការកើនឡើង ដល់ប្រមាណ៧៥ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ ។
ប្រទេសកម្ពុជានៅថ្ងៃនេះ បានប្រារព្ធទិវាប្រជាជនពិភពលោក ១១ កក្កដា លើកទី៣៤ ក្រោមប្រធានបទ «ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្រ្តី និងក្មេងស្រី ដើម្បី បង្ហាញពីលទ្ធភាពគ្មានដែនកំណត់ នៃពិភពលោកយើង» ។
ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី និសិ្សត តំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាដើម ។
ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ បានឱ្យដឹងថា អាយុសង្ឃឹម រស់របស់ ប្រជាជនកម្ពុជា មានការកើនឡើងជាលំដាប់ គឺ៥៤ឆ្នាំ សម្រាប់បុរស និង៥៨ឆ្នាំ សម្រាប់ស្ត្រី នៅ ឆ្នាំ១៩៩៨, ៦១ឆ្នាំ សម្រាប់បុរស និង៦៤ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០២៣ អាយុសង្ឃឹមរស់របស់ពលរដ្ឋខ្មែរ បានកើនឡើងដល់ប្រមាណ៧៥ឆ្នាំ ដោយកក្តាជីវភាព និងមានសុខាភាពល្អ ជាដើម ។
ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា ប្រធានទបទនៅឆ្នាំនេះ ពិតជា មានអត្តន័យដ៏ធំធេង ដែលឆ្លុះបញ្ចាំងអំពីស្ថានភាព ដែលឆ្លុះបញ្ចាំងអំពីស្ថានភាព ដែលពិភពលោកបាន នឹងកំពុងជួបប្រទះ ជាមួយនឹងកាកើតមានវិសមភាពយេនឌ័រ, ភាពក្រីក្រ, បម្រែបម្រួលប្រជាសាស្រ្ត ដែល បញ្ហាទាំងនេះ កំពុងតែជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ឯកឧត្តម បានបញ្ជាក់ថា ប្រជាជនកម្ពុជា មាននិន្នាការកើនឡើងពី១១,៤លាននាក់ នៅឆ្នាំ ១៩៩៨ ដល់ចំនួន១៣,៤លាននាក់ នៅឆ្នាំ២០០៨ និងកើនដល់ប្រមាណ១៧លាននាក់ នៅឆ្នាំ២០២២។ អត្រាមរណភាពមាតា និងកុមារ មានការថយចុះ និងអាយុសង្ឃឹមរស់មានការកើនឡើង ។
កម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាប្រជាជនពិលោកលើកដំបូងនៅឆ្នាំ២០០៣ គឺជាឆ្នាំ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់អនុវត្តគោលនយោបាយជាតិប្រជាជនជាលើកដំបូង។ ការប្រារព្ធទិវាប្រជាជនពិភព លោកនៅកម្ពុជា ដោយផ្សារភ្ជាប់ទៅនឹងប្រធានបទតាមឆ្នាំនីមួយៗរបស់សកលលោក ៕អត្ថបទ៖ ទូច សោភ័ណ