ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ១ ១០៥ លានដុល្លារ។
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០ លានដុល្លារអាមេរិក ធ្លាក់ចុះពី ១ ៩០០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង១១៣នេះ បង្កើតការងារបានចំនួនប្រមាណ ១២២ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគ១១៣ មានគម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការចុះបញ្ជីវិនិយោគគម្រោងថ្មីៗ ថាជាការវិនិយោគដែលមានសក្តានុពលក្រោមច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងតំបន់ RCEP និងការអនុគ្រោះពាណិជ្ជកម្មនាំចេញរបស់កម្ពុជា។
ឧកញ៉ា លឹម ហេង លើកឡើងថា ច្បាប់វិនិយោគថ្មី ជាមួយនឹងការអនុគ្រោះពាណិជ្ជកម្មសេរី កម្ពុជា-ចិន FTA និង FTA កម្ពុជា-កូរ៉េ RCEP គឺជាកត្តាដែលទាក់ទាញការវិនិយោគពីប្រទេសចិនមកកម្ពុជា ជាផ្នែកនៃផលិតកម្មសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារដទៃទៀត៕ អត្ថបទ៖ វណ្ណៈ