
ប្រធានាធិបតីអាមេរិក លោក Joe Biden និងបណ្ដាមេដឹកនាំប្រទេសសម្ព័ន្ធមិត្ត នៅថ្ងៃអង្គារ (ទី១១ ខែកក្កដា) នេះ ចូលដល់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលមានហានិភ័យខ្ពស់ ជាមួយនឹងអារម្មណ៍នៃការជំរុញឲ្យមានការរួបរួមឡើងវិញ បន្ទាប់ពីទទួលបាននូវជោគជ័យយ៉ាងធំធេងធំមួយ កាលពីល្ងាចថ្ងៃចន្ទ នៅពេលប្រទេសទួរគី បានយល់ព្រមចំពោះការប្រឹងប្រែងរបស់ប្រទេសស៊ុយអែត ដើម្បីបានចូលរួមសម្ព័ន្ធភាពយោធានេះ។
បណ្ដាមេដឹកនាំទាំងនោះ មកជួបជុំគ្នានៅទីនេះ ក្នុងទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី ដើម្បីបើកកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ដែលអាចក្លាយជាជំនួបដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់សម្ព័ន្ធភាព ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ ពោលគឺបានលេចឡើងប្រហែល ១ខែ ក្រោយមានការវាយបកក្នុងល្បឿនដ៏យឺតរបស់អ៊ុយក្រែន និងប៉ុន្មានសប្តាហ៍ក្រោយការបះបោរដែលស្ងប់ទៅវិញក្នុងប្រទេសរុស្ស៊ីបានក្លាយជាបញ្ហាគំរាមកំហែងដ៏ធំមួយដល់ការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ខណៈពេលដែលអ្នកជំនាញសន្តិសុខជាតិបានព្រមានថា ការមិនអាចទទួលស្គាល់ស៊ុយអែតជាសមាជិករបស់អង្គការណាតូ អាចជាប្រផ្នូលមិនល្អ សម្រាប់សម្ព័ន្ធភាពនោះ សេចក្តីប្រកាស កាលពីល្ងាចថ្ងៃចន្ទ (ទី១០ ខែកក្កដា) ដែលបានកើតឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីយន្តហោះរបស់លោក Biden បានចុះចតនៅរដ្ឋធានីនៃប្រទេសលីទុយអានី បង្ហាញពីការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលបានរារាំងការសុំចូលជាសមាជិករបស់ស៊ុយអែត រយៈពេលជាង១ឆ្នាំ។
បើទោះបីជាប្រទេសស៊ុយអែត នឹងមិនបានក្លាយជាសមាជិកភ្លាមៗក៏ដោយ ក៏នេះបញ្ជាក់ឲ្យឃើញថា លោក Biden និងសមាជិកផ្សេងទៀត បានជំរុញឲ្យមានការរួបរួមដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត នៅចំពោះមុខសង្រ្គាមរបស់រុស្ស៊ី ហើយការផ្លាស់ប្តូរនេះ ក៏ផ្តល់ឲ្យបណ្ដាមេដឹកនាំទាំងអស់នូវការបង្ហាញកម្លាំងដ៏សំខាន់ ចូលទៅកាន់កិច្ចប្រជុំកំពូលផងដែរ៕