តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសពីការរកឃើញមនុស្សចំនួន ៥១នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានកម្មករកម្មការិនីជាច្រើននាក់។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៥១នាក់ដែលទើបត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នោះ មានកម្មករកម្មការិនីរោងចក្រដល់ទៅ ៣៨នាក់ អាជីវករ ៤នាក់ កម្មករសំណង់ ៧នាក់ កសិករម្នាក់ និងសិស្សសាលាម្នាក់។
រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដទៃទៀតដែលបានប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩ទាំង ៥១នាក់នេះ ឱ្យទៅផ្ដល់សំណាក់ដើម្បីត្រួតពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាពខ្លួន។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស ២២ ៥៤៤នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីពេលកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០មក៕
