ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យឯកឧត្ដម ឃួង ស្រេង ភិបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ ៣៥០ គ្រឿងដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្ដាខេត្ត និងដឹកត្រលប់មកវិញដោយឥតគិតថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដឹកជញ្ជូននេះត្រូវធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។
សម្ដេចតេជោបានស្នើឱ្យមានការរៀបរយឱ្យបានច្បាស់លាស់ សម្រាប់ខេត្តណាមួយ មានតម្រូវការរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប៉ុន្មានគ្រឿង ដោយសម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពនេះមានភាពខុសគ្នាពីស្ថានភាពនាកាលពីពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ។
ដូច្នេះសម្ដេចតេជោបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការជាមួយសាលារាជធានីភ្នំពេញ ដើម្បីបែងចែកផ្លូវដែលមានកម្មករច្រើនដែលបានមកធ្វើការងារនៅរាជធានីភ្នំពេញ ដើម្បីធានាថាកម្មករកម្មការិនីត្រូវទទួលបានការដឹកជញ្ជូន។
សម្ដេចតេជោ បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំការងារនេះភ្លាមៗ ដើម្បីឱ្យមានអ្នកបើកបរបានត្រឹមត្រូវជាមួយនឹងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កម្មករកម្មការិនីក្នុងពេលធ្វើដំណើរទៅបោះឆ្នោតនៅតាមបណ្ដាខេត្តនាពេលខាងមុខនេះ។
សម្ដេចតេជោ សង្ឃឹមថា ការដឹកជញ្ជូននេះនឹងបន្ធូបន្ថយនូវការលំបាក និងចរន្តនៃការកកកស្ទះខ្វះមធ្យោបាយដឹកជញ្ជូនចំពោះកម្មករនិយោជិត ខណៈសព្វថ្ងៃនេះមធ្យោបាយដឹកជញ្ជូនមានតែរថយន្តឈ្នួល រថយន្តតាក់ស៊ី ចំណែកចំនួនកម្មករនិយោជិតដែលត្រូវចេញទៅបោះឆ្នោតមានរាប់ម៉ឺននាក់។
សម្ដេចតេជោបានបញ្ជាក់ដល់រដ្ឋបាលរាជធានីភ្នំពេញត្រូវធានាថា អ្នកបើកបររថយន្តដឹកកម្មករនិយោជិតទៅតាមបណ្ដាខេត្តទាំងអស់ក៏ត្រូវតែទទួលបាននូវការបោះឆ្នោតផងដែរ៕ ដោយ ៖ វ៉ន ដារ៉ា

