
ប្រជាជនអ៊ីស្រាអែលបានដើរតាមដងផ្លូវ និងផ្លូវសំខាន់ៗទូទាំងប្រទេសក្នុងការតវ៉ានៅព្រឹកថ្ងៃអង្គារ (១១ កក្កដា)នេះ ប៉ុន្មានម៉ោងបន្ទាប់ពីសភារបស់ប្រទេសនេះបានផ្តល់ការអនុម័តដំបូងចំពោះសេចក្តីស្នើច្បាប់កំណត់អំណាចតុលាការកំពូលមួយចំនួន ដែលជាផ្នែកនៃការផ្លាស់ប្តូរប្រព័ន្ធតុលាការឡើងវិញដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលបានរុញឲ្យមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។ ក្រុមបាតុករបានបិទផ្លូវសំខាន់មួយខ្សែឆ្ពោះទៅទីក្រុង Jerusalem ជាទីដែលនគរបាលបានចាប់ខ្លួនក្នុងគោលបំណងបើកផ្លូវនោះឡើងវិញ។
ការជំរុញដើម្បីផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ដោយគណបក្សចម្រុះជាតិនិយម និងសាសនាដែលកំពុងកាន់អំណាចរបស់ Netanyahu បានបង្កឱ្យមានការតវ៉ាដែលមិនធ្លាប់មានពីមុនមក ជំរុញឱ្យមានកង្វល់ចំពោះសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែលក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។
សេចក្តីស្នើច្បាប់ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជុំដំបូងក្នុងចំណោមការបោះឆ្នោតចំនួនបីលើក តម្រូវឱ្យសំណើនេះត្រូវបានចងក្រងជាច្បាប់ពេញលេញ ដោយព្យាយាមការទប់ស្កាត់អំណាចរបស់តុលាការកំពូល ក្នុងការទុកជាមោឃៈនូវសេចក្តីសម្រេចដែលធ្វើឡើងដោយរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាប់ឆ្នោតដោយកាត់សេចក្តីមិនសមហេតុផល។ ពេលនេះ សំណើនេះក្រូវបញ្ចូនទៅគណៈកម្មាធិការសម្រាប់ការពិភាក្សា ហើយអាចត្រូវបានផ្លាស់ប្តូរមុនពេលបញ្ចូនទៅបោះឆ្នោតចុងក្រោយ។
ក្រុមអ្នករិះគន់អះអាងថា ការត្រួតពិនិត្យប្រព័ន្ធតុលាការនេះជួយទប់ស្កាត់អំពើពុករលួយ និងការរំលោភអំណាច។ ក្រុមអ្នកគាំទ្រនិយាយថាការផ្លាស់ប្តូរនេះនឹងជួយសម្រួលដល់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពដោយទប់ស្កាត់អន្តរាគមន៍របស់តុលាការ៕