
ជនរងគ្រោះដោយសារទឹកជំនន់នៅទីក្រុងភាគខាងជើង Mandi ប្រទេសឥណ្ឌា បានរំឭកដល់ភាពរន្ធត់នៃការបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារទឹកទន្លេឡើងបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ស្របពេលដែលពួកគេនិយាយពីស្ថានភាពបច្ចុប្បន្នថា ពួកគេមិនស្លាប់ទេ គ្រាន់តែពិបាករស់ប៉ុណ្ណោះនៅក្នុងជំរំជួយសង្រ្គោះបណ្តោះអាសន្ន ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងជំរំជួយសង្រ្គោះ រួមទាំងកុមារដែរនោះ ត្រូវបានគេមើលឃើញថាពួកគេពឹងផ្អែកតែលើក្រុមស្ម័គ្រចិត្ត សម្រាប់ចំណីអាហារ និងជំនួយដំបូងរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពជួយសង្រ្គោះបណ្តោះអាសន្នដែលគេផ្តល់ជូន ធ្វើឲ្យកើតមានក្តីកង្វល់នៅក្នុងចំណោមជនរងគ្រោះដោយសារទឹកជំនន់ ពេលដែលពួកគេគិតដល់ការរកដំបូលជ្រកថ្មី ពេលដែលពួកគេបាត់បង់ទ្រព្យសម្បត្តិដោយសារតែទឹកជនន់ ។
សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សាដ៏គំហុកកាលពីចុងសប្តាហ៍កន្លងទៅនៅរដ្ឋភាគខាងជើង Himachal Pradesh នាំឲ្យទឹកទន្លេឡើងប្រៀបច្រាំង និងធ្វើឲ្យជន់លិចតំបន់វាលទំនាប ធ្វើឲ្យខូចខាតធ្ងន់ធ្ងរ និងបាត់បង់ទ្រព្យសម្បត្តិនៅក្នុងតំបន់ ៕