
កាលពីថ្ងៃចន្ទម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Madridប្រទេសអេស្ប៉ាញ បានស៊ូទ្រាំនឹងកម្តៅព្រះអាទិត្យក្តៅខ្លាំង ពេលដែលប្រទេសមួយនេះ ជួបរលកកម្តៅទី២នៃរដូវក្តៅ ។
ប្រជាពលរដ្ឋអេស្ប៉ាញ និងភ្ញៀវទេសចរ នាំគ្នាជ្រកក្រោមម្លប់ឈើក្នុងសួនកម្សាន្ត Retiro ដោយពួកគេដេកលើស្មៅ និងច្រកទឹកចូលដបទឹករបស់ពួកគេ ដើម្បីទប់ទល់នឹងស្ថានភាពក្តៅខ្លាំង ពេលដែលសីតុណ្ហភាពឡើងខ្ពស់រហូតដល់ ៤០អង្សាសេនៅក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញមួយនេះ ។
ពិធីសារដែលហាមឃាត់មិនឲ្យធ្វើការខាងក្រៅ អំឡុងស្ថានភាពក្តៅខ្លាំងបែបនេះ បានចូលជាធរមាននៅតាមតំបន់មួយចំនួននៅទូទាំងប្រទេសអេស្ប៉ាញ ។
តំបន់ភាគខាងត្បូងអេស្ប៉ាញ ដូចជាតំបន់ Cordoba និងតំបន់ Jaen បានចុះបញ្ជីថាមានសីតុណ្ហភាពកើនឡើងរហូតដល់ ៤៤អង្សាសេ ។
គេរំពឹងផងដែរថា រលកកម្តៅនេះ នឹងបន្តអូសបន្លាយពេលរហូតដល់ថ្ងៃពុធស្អែក ៕