ភ្នំពេញ ៖ លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍធនធានមនុស្ស របស់រដ្ឋាភិបាល ប្រទេសជប៉ុន (JDS) ចំនួន២៤រូប ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា២០២៣-២០២៥, នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាមគន៍ និងអបអរសាទរ ដល់ជ័យលាភីទាំង ២៤រូប ជាមន្ត្រីរាជការមកពីក្រសួង ស្ថាប័នផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានមន្ត្រីសុខាភិបាលចំនួន ០៣រូប ដែលបានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល០២ឆ្នាំ(២០២៣-២០២៥) នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការរៀនសូត្រ ការរស់នៅ និងប្រពៃណីទំនៀមទំលាប់របស់ប្រទេសជប៉ុន ដែលលោកជំទាវធ្លាប់បានទៅសិក្សារយៈពេល ០១ឆ្នាំ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានផ្តាំផ្ញើដល់ជ័យលាភីទាំង ២៤រូប ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីចាប់យកទាំងចំណេះដឹង បច្ចេកទេស និងជំនាញថ្មីៗ និងបទពិសោធន៍ល្អៗ ពីប្រទេសជប៉ុន ដែលជាប្រទេសមានការរីកចម្រើន លូតលាស់ រួមទាំងបច្ចេកវិទ្យាថ្មីៗទំនើប ដើម្បីយកមកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យសម្រេចបាននូវគោលដៅជាប្រទសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ជ័យលាភីទាំង ២៤រូប មានសុខភាពល្អ និងជោគជ័យក្នុងការសិក្សា ព្រមទាំងប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅ ប្រទេសជប៉ុន៕
អត្ថបទ៖ រដ្ឋា













