វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានក្លាយជាម្ចាស់ពានការប្រកួតកម្មវិធី Italian Open ជាលើកទី១០ ក្នុងអាជីពក្រោយជ័យជំនះវគ្គផ្តាច់ព្រ័ត្រលើ Novak Djokovic។ នេះជាជំនួបលើទី៥៧ រវាងកីឡាករទាំងពីរដោយជ័យជំនះរបស់ Rafael Nadal ធ្វើអោយស្ថិតិមួយទល់មួយរវាងអ្នកទាំងពីរ Novak Djokovic ឈ្នះ២៩ ខណៈRafael Nadal ឈ្នះ២៨។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងរ៉ូមម្សិលមិញនេះ Nadal បានយកឈ្នះសិតដំបូង ៧-៥ មុនពេលដែល Djokovic យកឈ្នះសិតទីពីរវិញមិនលំបាក ៦-១។ យ៉ាងណាក្តី Nadal បានយកឈ្នះនៅសិតកាត់សេចក្តី ៦-៣ ដើម្បីគ្រងជើងឯក Italian Open លើកទី១០ មុន Grand Slam, French Open ឈានចូលមកដល់ចុងខែនេះ។ ចំណែកការប្រកួតផ្នែកនារីវិញ ជើងឯកបានទៅកីឡាការិនីវ័យក្មេងប៉ូឡូញ Iga Swiatek ក្រោយយកឈ្នះកីឡាការិនីឆេក Karolina Pliskova នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនីវ័យ ១៩ឆ្នាំ Iga Swiatek ដែលជាម្ចាស់ជើងឯក French Open ឆ្នាំមុនប្រើពេលត្រឹម ៤៥នាទីប៉ុណ្ណោះ ដើម្បីយកឈ្នះកីឡាការិនីដែលជាជើងឯកនៅទីនេះឆ្នាំ២០១៩ Karolina Pliskova ៦-០ និង ៦-០។ នេះជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Italian Open ពីរឆ្នាំជាប់គ្នាសំរាប់ Pliskova បន្ទាប់ពីឆ្នាំមុខចាញ់កីឡាការិនីរ៉ូម៉ានី Simona Halep នៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ