ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Burn X Flash បានទទួលកៅអីជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោកហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះកម្រិតអាស៊ី IESF Gamers8 Asia Championship ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយឈរលេខ២ ក្នុងពូលA ។
ដំណើរឆ្ពោះទៅការប្រកួតជើងឯកពិភពលោក របស់ក្រុមកីឡាអេឡិចត្រូនិកម្ពុជានេះ ត្រូវឆ្លងកាត់ការប្រកួតជម្រុះកម្រិតអាស៊ីជាមុនសិន ហើយតាមលក្ខខណ្ឌក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូល នឹងទទួលបានកៅអីដ៏សំខាន់នេះ ហើយកម្ពុជាក៏ទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិផងដែរ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ក្នុងវគ្គជម្រុះពូលA ឈ្នះ២ និងចាញ់ ១ ឈរលេខ២ ខណៈលេខ១ ក្នុងពូល គឺក្រុមម៉ុងហ្គោលី ។

សម្រាប់លទ្ធផលការប្រកួតជម្រុះកម្រិតអាស៊ី IESF Gamers8 Asia Championship ឆ្នាំ២០២៣ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពេលនេះ គឺក្រុម Burn X Flash បានយកឈ្នះក្រុមជម្រើសជាតិអារ៉ាប់រួម ២-០ ក្នុងជំនួបបើកឆាក គ្រាដែលប្រកួតបន្ទាប់ចាញ់ក្រុមម៉ុងហ្គោលី ២-០ វិញ កាលពីថ្ងៃទី១០ ខែកក្កដា ។ ឈានដល់ការប្រកួតចុងក្រោយក្នុងពូល ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមជម្រើសជាតិនេប៉ាល់ ២-០ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដាម្សិលមិញ ដើម្បីធានាកៅអីវគ្គបន្ដតែម្ដង ។

ជាមួយជោគជ័យនេះ កីឡាករ សូ ម៉ារ៉ា ប្រធានក្រុម Burn X Flash បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលក្រុមខ្លាំងអាចឡើងទៅជុំផ្ដាច់ព្រ័ត្រជើងឯកពិភពលោក ក៏ដូចជាឡើងវគ្គខ្វែង នៃការប្រកួតជម្រុះអាស៊ី ។ ម៉ារ៉ា និងក្រុម បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អនៅវគ្គបន្ដ ពិសេសជំនួបជាមួយក្រុមខ្លាំងហ្វីលីពីន ក្នុងវគ្គខ្វែង ដើម្បីឈានទៅដណ្ដើមជ័យលាភីជូនជាតិ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៥ នៅប្រទេសរ៉ូម៉ានី គ្រោងនឹងធ្វើឡើងនាចុងខែសីហា ឆ្នាំ២០២៣ ខាងមុខ ។ ដូច្នេះក្រោយបញ្ចប់បេសកកម្មប្រកួតជម្រុះកម្រិតអាស៊ីនេះ ក្រុម Burn X Flash នឹងមានបេសកកម្មកាន់តែធំថែមទៀត ក្នុងនាមក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ ៕ អត្ថបទ៖ លី ឈុនឡា



