កំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសពីការរកឃើញមនុស្ស ៣នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ស្ត្រី ៣នាក់ដែលជាពលរដ្ឋរស់នៅក្នុងស្រុកឈូក ត្រូវបានធ្វើតេស្តសំណាកកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ហើយលទ្ធផលចេញកាលពីថ្ងៃម្សិលមិញ បង្ហាញថា ពួកគេឆ្លងមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តកំពតអះអាងថា ស្ត្រីទាំង ៣នាក់នេះ គឺជាពលករធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ ចូលមកដល់កម្ពុជាតាមច្រកព្រំដែនអូរបីជាន់ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែឧសភា។
រដ្ឋបាលខេត្តកំពត ឱ្យដឹងទៀតថា ស្ត្រីខ្មែរទាំង ៣នាក់នេះ បានធ្វើដំណើរតាមរយៈមួយជាមួយអ្នកដំណើរ ១៧នាក់ផ្សេងទៀតកាលពីថ្ងៃទី១១ ខែឧសភា។
រដ្ឋបាលខេត្តនេះ បានអំពាវនាវទៅដល់អ្នកប៉ះពាល់នឹងស្ត្រីទាំង ៣នាក់នេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯង៕
