ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (Khmer Empire Marathon 2023) នឹងរៀបចំនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ តំបន់អង្គរ និងក្រុងសៀមរាប ខណៈបច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមកើនទ្វេដង បើធៀបកាលពីឆ្នាំ២០២១ កន្លងទៅ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ។
ឯកឧត្តមមានប្រសាសន៍ថា នេះគឺជាឆ្នាំទី២ ហើយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយជំងឺរាតត្បាតសកលកូវីដ-១៩ ដោយកាលពីឆ្នាំ២០២២ គឺមានអ្នកចូលរួមជាង ១ពាន់នាក់ ខណៈបច្ចុប្បន្ន អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជជាតិ ចក្រភពខ្មែរ លើកទី៨ គឺកើនដល់ជាង ២ពាន់នាក់ហើយ ។
ដូច្នេះសន្ទុះអ្នករត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺជាសញ្ញាមួយដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរ ពិសេសទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រទេសផង និងរួមចំណែកការងារសប្បុរសធម៌ តាមរយៈការប្រមូលថវិកាទទួលបានពីការរៀបចំទាំងអស់ បរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ជាដើម ។ មិនតែប៉ុណ្ណោះ ក៏ជាឱកាសតេស្ដសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាផងដែរ ។
លោក សែម ផល្លា នាយបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង បានបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺរក្សាផ្លូវរត់នៅដដែល តែនឹងមានការរឹតបន្ដឹងបន្ថែម លើការការពារសុខុមាលភាពអ្នករត់ ទោះពីកន្លងមក ពុំមានបញ្ហាអ្វីកើតឡើយក៏ដោយ ។ ជាមួយគ្នាដែរ លោកបានលើកទឹកចិត្តដល់អ្នករត់ក្នុងស្រុកចូលរួមឲ្យបានច្រើន ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងទាក់ទាញជនបរទេសមកចូលរួមកាន់តែច្រើន ពិសេសក្នុងរដូវភ្លៀងនេះតែម្ដង ។
គួរដឹងថា ទិវារត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ កើតឡើង បន្ទាប់ពីមានសំណូមពរពីជនបរទេស ក្រោយកម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុងការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅរៀងរាល់ខែធ្នូ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕ អត្ថបទ៖ លី ឈុនឡា


