គុយបា៖ រដ្ឋាភិបាលគុយបា បានរិះគន់វត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ នៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឈូងសមុទ្រហ្គាន់តាណាម៉ូ ( Guantanamo) ដោយហៅវាថា ជាការកើនឡើងនៃការបង្កហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសរបស់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបនេះ បាននិយាយថា នាវាមុជទឹកនោះ បានផ្លាស់ប្តូរទីតាំងទៅកាន់ឈូងសមុទ្រហ្គាន់តាណាម៉ូ កាលពីថ្ងៃពុធ ហើយបន្តស្ថិតនៅរហូតដល់ថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា វត្តមានរបស់នាវាមុជទឹកនេះ«ធ្វើឱ្យមានភាពចាំបាច់ក្នុងការងឿងឆ្ងល់ថាតើអ្វីជាហេតុផលយោធានៅពីក្រោយសកម្មភាពនេះ នៅក្នុងតំបន់សន្តិភាពរបស់ពិភពលោកនេះ វាមានបំណងទៅលើគោលដៅអ្វី ហើយអ្វីជាគោលបំណងយុទ្ធសាស្ត្រដែលវាបន្តទីនោះ។
ក្រសួងនេះ បានព្រមានអំពី«គ្រោះថ្នាក់»ដែលបង្កឡើងដោយវត្តមាននិងចរាចរណ៍នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងតំបន់ការ៉ាអ៊ីប។ ក្រសួងក៏បានពណ៌នាអំពីវត្តមានយោធាអាមេរិកនៅក្នុងតំបន់ថាជា«ការគំរាមកំហែងដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រជាជនអាមេរិកឡាទីន និងការ៉ាអ៊ីប»។
នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា៖«យ៉ាងហោចណាស់ចេញពីវេទិកានេះ យើងមិនពិភាក្សាអំពីការចល័តនៃយុទ្ធោបករណ៍អាមេរិកទេ»។
លោកបានបង្វែរសំណួរបន្ថែមទៅមន្ទីរបញ្ចកោណ ដែលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី សារព័ត៌មាន Al Jazeera នៅពេលចុះផ្សាយទេ៕
