អ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់អគ្គិភ័យសម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០២៣នេះ បានកើនឡើងជាងទ្វេដង ហើយការបាត់បង់ជីវិត និងរបួសនេះគឺភាគច្រើនកើតឡើងនៅក្នុងរាជធានីភ្នំពេញ។ នេះបើ តាមការឲ្យដឹងពីឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោយអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីធ្វើលំហាត់សមយុទ្ធពន្លត់អគ្គីភ័យ និងសង្គ្រោះ ជាក់ស្តែងដល់បុគ្គលិកអេអន១ ឧត្តម សេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យបានកើត ឡើងចំនួន៥១៦លើកហើយបើប្រៀបធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំទៅគឺកើនឡើងចំនួន ១៤៤លើក ដោយឆ្នាំ២០២២ មានចំនួន៣៧២លើក។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា អ្នកស្លាប់ដោយសារគ្រោះអគ្គិភ័យរយៈពេល ៦ខែ នេះគឺមានចំនួន ៤១នាក់លើ១២នាក់ របួស៨៤នាក់លើ៤១នាក់ឆ្នេះផ្ទះចំនួន៤១៣ខ្នងលើ៤៨៦ខ្នង ខណៈតូបលក់ដូររបស់អាជីវករចំនួន ៥៧លើ៦៤តូប។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានឲ្យដឹងផងដែរថា រាជធានី-ខេត្ត ដែលរងគ្រោះដោយអគ្គិភ័យច្រើននោះរួមមានរាជធានីភ្នំពេញចំនួន ៧៦លើក កណ្តាល៥៥លើក កំពត៣៩លើក សៀមរាប៣៧លើក និងតាកែវ៣៥លើក ខណៈខេត្តកែបមួយលើក៕ អត្ថបទ៖ បាន ចក់



