មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីករណីបណ្ដឹងឧទ្ធរណ៍របស់លោកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា តុលាការកំពូលរបស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំប្រទេសរូបនេះ ប្រឆាំងនឹងការផ្តន្ទាទោសពីបទប្រើប្រាស់ថវិការដ្ឋខុស និងការបំពានច្បាប់ពាណិជ្ជកម្ម និងទូរគមនាគមន៍ នៅរយៈពេល ២សប្តាហ៍ខាងមុខ។

ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើន រាប់តាំងពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ គិតចាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី ក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ហើយពេលនេះ លោកស្រី នឹងព្យាយាមស្វះស្វែងរកនូវការកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំរបស់លោកស្រី។
ដោយចាត់ទុកថា នេះជាករណីពិបាកដោះស្រាយនោះ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា តំណាងរបស់លោកស្រី ស៊ូជី បានលើកទឡ្ហីករណ៍ នៅតុលាការ កាលពីដើមខែនេះ អំពីការកាត់ទោសលើលោកស្រី ស៊ូជី ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការ និងការក្លែងបន្លំការបោះឆ្នោត។ គេរំពឹងថា តុលាការនឹងចំណាយពេលដល់ទៅ ២ខែ ដើម្បីប្រកាសសាលក្រមរបស់ខ្លួន។

គួរបញ្ជាក់ដែរថា រដ្ឋប្រហារឆ្នាំ២០២១ បានរុញច្រានឲ្យសហភាពមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចលផ្នែកនយោបាយ និងសង្គម ដោយបាននាំឲ្យមានការថ្កោលទោសជាសាកលលើរបបយោធា ចំពោះការបង្រ្កាបយ៉ាងខ្លាំងក្លាទៅលើអ្នកប្រឆាំងជំទាស់ ដូចជាលោកស្រី ស៊ូជីជាដើម៕

