តៃវ៉ាន់៖ កងទ័ពអាកាស និងជើងទឹករបស់ចិន កំពុងរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំងនៅភាគខាងត្បូង និងនិរតីនៃកោះតៃវ៉ាន់ នេះបើយោងតាមក្រសួងការពារជាតិរបស់កោះស្វ័យគ្រប់គ្រងនេះ។
ប្រទេសចិនដែលអះអាងថាតៃវ៉ាន់ប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួននោះ បានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ឬ ADIZ យ៉ាងទៀងទាត់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបង្កើនសម្ពាធយោធាលើរដ្ឋាភិបាលរបស់កោះនេះ។

ប្រទេសចិន បានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន និងម្តងទៀតនៅក្នុងខែមេសា។ ចាប់តាំងពីខែសីហាមក ចិនបានបើកយន្តហោះយោធាជាទៀងទាត់ឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនបានបម្រើជារបាំងមិនផ្លូវការរវាងទឹកដីទាំងពីរនេះ។
ទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់ទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣២គ្រឿងដែលចូលមកក្នុងតំបន់ADIZរបស់កោះនេះ។

យន្តហោះទាំងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរចំនួន៤គ្រឿង ដែលបានហោះទៅកាន់ភាគខាងត្បូងរបស់តៃវ៉ាន់ និងចូលទៅមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញ នេះបើយោងតាមផែនទីដែលចែករំលែកដោយក្រសួងការពារជាតិ៕