ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រូតរះនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់នៅតាមមូលដ្ឋានដែលពួកគាត់រស់នៅ ដើម្បីទទួលបានបណ្ណនេះ យកទៅប្រើប្រាស់ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខណៈថ្ងៃបោះឆ្នោត គឺនៅសល់តែ១១ ថ្ងៃទៀតប៉ុណ្ណោះនឹងចូលមកដល់ ។
ការបន្តនាំគ្នាទៅធ្វើបណ្ណ(ឯ.អ) នេះ ដោយសារប្រជាពលរដ្ឋ បានបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជាអត្តសញ្ញាណបណ្ណរបស់ពួកគាត់ បានខូចជាដើម។
ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ដែលបានធ្វើបណ្ណ ( ឯ.អ ) នៅទីស្នាក់ការគណៈកម្មាការរៀបចំការបោះឆ្នោត ក្នុងសង្កាត់ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋល្អ ត្រូវចាំបាច់បំពេញកាតព្វកិច្ចចូលរួមបោះឆ្នោត ដូច្នោះហើយនៅពេលពួកគាត់មានកង្វះឯកសារណាមួយ គឺពួកគាត់ឆ្លៀតពេលវេលា ពីការងារ ដ៏ដូចជាការរកស៊ីជាដើម ដើម្បីត្រូវទៅធ្វើ និងបំពេញឯកសារទាំងនោះឱ្យបានគ្រប់គ្រាន់ ។ ពលរដ្ឋ យល់ឃើញថា ការបោះឆ្នោត វាពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនាមជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ត្រូវតែបំពេញកាតព្វកិច្ចនេះអោយខាងតែបាន។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ១ និងជាប្រធានគណៈកម្មាការរៀបចំការធ្វើបណ្ណ( ឯ.អ ) ជូនពលរដ្ឋ បានប្រាប់អោយដឹងថា ក្នុងរយៈពេល ២១ថ្ងៃ នៃដំណើរការធ្វើបណ្ណ ( ឯ.អ ) ជូនពលរដ្ឋមកនេះឃើញថា មានពលរដ្ឋជាច្រើនក្នុងមូលដ្ឋានរបស់លោក បានទៅទទួលការធ្វើបណ្ណជាបន្តបន្ទាប់ ។ លោកថា បណ្ណ ( ឯ.អ ) គឺនឹងធ្វើជូនពលរដ្ឋយ៉ាងឆាប់រហ័ស ដោយមិនរង់ចាំពេលវេលាយូរនោះឡើយ ដោយពលរដ្ឋដែលមានឈ្មោះធ្លាប់ចូលរួមបោះឆ្នោតរួចហើយនោះ ពុំចាំបាច់ភ្ជាប់ឯកសារអ្វីនោះទេ គឺគ្រាន់តែប្រាប់ឈ្មោះ ឬក៏លេខការិយាល័យធ្លាប់បោះឆ្នោតទៅក្រុមការងារ នោះក្រុមការងារនឹងរៀបចំបំពេញឯកសារជូនភ្លាមៗ តែម្តង ។
គួរបញ្ជាក់ថា ការធ្វើបណ្ណ ( ឯ.អ ) នៅតាមមូលដ្ឋានឃុំសង្កាត់ជូនពលរដ្ឋ គឺដំណើរការទៅរយៈពេល ៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ២២ ខែមិថុនា រហូតដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ លីហេង




