បូលីវី៖ ក្រុមអាជ្ញាធរបូលីវី និយាយថា ចំហេះព្រៃ បានបានឆាបឆេះរាលដាលផ្ទៃដីព្រៃជាង ៤ពាន់ហិចតានៅក្នុងឧទ្យានជាតិ ស្ថិតនៅភាគខាងកើតប្រទេសបូលីវី ។
រូបភាពដ្រូនឃើញសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក បានហោះចេញពីឧទ្យានជាតិ Otuquisស្ថិតក្នុងតំបន់ Santa Cruz នៅជិតព្រំដែនជាមួយប្រទេសប្រេស៊ីល និងប្រទេសប៉ារ៉ាហ្គាយ
ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃនេះ បានរាលដាលដល់តំបន់ព្រៃដីសើមក្នុងឧទ្យានជាតិកាលពីថ្ងៃអង្គារ ធ្វើឲ្យកម្លាំងឆាបឆេះរបស់វាថយចុះ ប៉ុន្តែវាបង្កផលលំបាកសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងការព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២កន្លងទៅ បូលីវី បានបាត់បង់ដីព្រៃចំនួន ៣.៨៦០គ.មក្រឡា គឺជាផ្ទៃក្រឡាមួយស្មើនឹងរដ្ឋ Rhode Island (រ៉ូដ អៃឡែន)របស់សហរដ្ឋអាមេរិក ។
ការបាត់បង់ដីព្រៃដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានក្លាយជាក្តីកង្វល់ដ៏សំខាន់មួយ ពិសេសពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់បូលីវីកាលពីរយៈពេល ២ឆ្នាំមុន ពុំព្រមចុះហត្ថលេខាងលើការសន្យាលែងឲ្យមានការកាប់បំផ្លាញព្រៃឈើទាំងស្រុងនៅក្នុងឆ្នាំ ២០៣០ខាងមុខ ៕
