ថៃ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានចេញសេចក្តីណែនាំនៅថ្ងៃពុធនេះឲ្យតុលាការធម្មនុញ្ញ ព្យួរឈ្មោះបេក្ខជននាំមុខជានាយករដ្ឋមន្រ្តី លោក Pita Limjaroenrat ចំពោះការចោទប្រកាន់ថា លោកបានបំពានច្បាប់យុទ្ធនាការឃោសនាសំឡេងឆ្នោតក្នុងនាមជាសមាជិសភា ពោលគឺរយៈពេល១ថ្ងៃប៉ុណ្ណោះ មុនពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ។

គួរឲ្យដឹងថា លោក Pita បានប្រឈមនឹងការលំបាកជាច្រើន ហើយកាលពីខែមុន ECបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីស៊ើបអង្កេតលើករណីថាតើលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេក្នុងការឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីថៃ ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ បាននិយាយនៅថ្ងៃពុធនេះថា ECនឹងបញ្ជូនករណីនេះទៅកាន់តុលាការធម្មនុញ្ញឲ្យសម្រេច ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងច្បាស់នោះទេថាតើតុលាការធម្មនុញ្ញ អាចសម្រេចបានឬយ៉ាងណានោះទេ បើសិនជាពួកគេទទួលយកករណីមួយនេះ ថ្វីត្បិតតែស្ថាប័នតុលាការមួយនេះ នឹងជួបជុំគ្នានៅថ្ងៃពុធនេះក៏ដោយ ៕
