កូរ៉េខាងត្បូង៖ សមាជិកសភាបក្សប្រឆាំងកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ (១២ កក្កដា)នេះថា អង្គការជំនាញជាច្រើនទៀតគួរតែចូលរួមក្នុងការត្រួតពិនិត្យឡើងវិញនូវផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ បន្ថែមពីលើអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យលោក Wi Seong-gon ដែលស្ថិតក្នុងចំណោមក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង បានធ្វើអត្ថាធិប្បាយបែបនោះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ។ សេចក្តីថ្លែងការណ៍នោះក៏ទទួលបានការគាំទ្រពីសមាជិកសភាជប៉ុនចំនួន ៨ រូបផងដែរ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនគោរពការសម្រេចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) ក្នុងការអនុម័តផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិចូលទៅក្នុងមហាសមុទ្រ។ នៅពេលត្រូវបានសាកសួរអំពីបញ្ហានេះ លោក Wi បាននិយាយថា ទីក្រុងសេអ៊ូល ចាំបាច់ត្រូវលើកឡើងពីបញ្ហារបស់អ្នកដែលមានការព្រួយបារម្ភ និងប្រឆាំងទៅនឹងផែនការនេះ។

រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoo Suk Yeol បានដើរតាមផ្លូវដ៏ល្អមួយនៅក្នុងជំហររបស់ខ្លួនចំពោះសំណើបញ្ចេញទឹករបស់ជប៉ុន ដោយខ្លួនព្យាយាមកែលម្អទំនាក់ទំនងជាមួយទីក្រុងតូក្យូ ខណៈពេលដែលទទួលស្គាល់ភាពមិនចុះសម្រុងក្នុងស្រុកអំពីផែនការបង្ហូរទឹកនេះ៕