អាមេរិក ៖ ភាគហ៊ុនអាស៊ីបានឡើងខ្ពស់បន្តិចបន្តួច ហើយប្រាក់ដុល្លារអាមេរិក បានស្ថិតក្នុងកម្រិតទាបរយៈពេល ២ខែ នៅថ្ងៃពុធ (ទី១២ ខែកក្កដា) នេះ នៅមុនពេលមានទិន្នន័យអតិផរណាដ៏សំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលនឹងជួយធ្វើជារង្វាស់ថា តើធនាគារកណ្តាលសហព័ន្ធ កំពុងស្ថិតនៅចុងបញ្ចប់នៃគោលនយោបាយដំឡើងអត្រាការប្រាក់ដ៏គំហុករបស់ខ្លួន ឬយ៉ាងណា។
ប្រាក់យ៉េនរបស់ប្រទេសជប៉ុន បានឡើងថ្លៃធៀបនឹងរូបិយប័ណ្ណធំៗភាគច្រើន ហើយចុងក្រោយនេះ គឺមានតម្លៃ ១៣៩,៤៣ ក្នុង ១ដុល្លារអាមេរិក ដែលនេះចាត់ទុកថា ជាតម្លៃខ្ពស់បំផុត ក្នុងរយៈពេល ១ខែ។
នាពេលនេះ ឃើញថា សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន គឺឡើងខ្ពស់ ០,៦១ភាគរយ ខណៈដែលសន្ទស្សន៍ភាគហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានហក់ឡើង ០,៥៤ភាគរយ។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Nikkei របស់ជប៉ុន ធ្លាក់ចុះ ១ភាគរយ។
ក្រោមការស្ទង់មតិដោយទីភ្នាក់ងារសារព៏ត៌មាន Reuters ក្រុមសេដ្ឋវិទូរំពឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលគ្រោងនឹងចេញផ្សាយ នៅល្ងាចថ្ងៃពុធនេះ នឹងកើនឡើង ៣,១ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីឡើង ៤ភាគរយ នៅខែឧសភា។ នោះជាដំណើរការមានកម្រិតទាបបំផុត ចាប់តាំងពីខែមីនា ឆ្នាំ២០២១។
មន្ត្រីរបស់ធនាគារកណ្ដាលសហព័ន្ធ (Fed) បានបង្ហាញថា ពួកគេរំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់០,៥ ភាគរយទៀត ខណៈដែលពួកគេត្រូវទប់ទល់នឹងសម្ពាធដែលមានមកជាយូរហើយ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលជាវិធានវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណកម្រិតប្រហាក់ប្រហែលផ្សេងទៀត បានធ្លាក់ចុះ ០,១៩៧ភាគរយ នៅត្រឹម ១០១,៤០ ដោយបានធ្លាក់ចុះដល់កម្រិត ១០១,៣៧ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល ២ខែ។
ភាគហ៊ុនរបស់ប្រទេសចិនបានធ្លាក់ចុះ ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍របស់ក្រុមហ៊ុនអចលនទ្រព្យ Hang Seng របស់ហុងកុង បានឡើងខ្ពស់០,៥ភាគរយ នៅក្នុងការជួញដូរដំបូង៕

