
ព្រះវិហារ និងស្ពានក្នុងរដ្ឋតំបន់ភ្នំហិម៉ាឡៃ Himachal Pradesh ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា រងផលប៉ះពាល់ខ្លាំង ដោយសារទឹកជំនន់កាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។
យោងតាមការអះអាងរបស់រដ្ឋបាលរដ្ឋ បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ បានសម្លាប់មនុស្សយ៉ាងហោច ៧២នាក់នៅតំបន់មួយនេះ ក្នុងរយៈពេលមិនដល់១ខែផង ហើយនិងបណ្តាលឲ្យខូចខាតសរុបជាទឹកប្រាក់អស់រាប់សែនរូពី ។
ប្រជាពលរដ្ឋ បានព្យាយាមស្រោចស្រង់ទ្រព្យសម្បត្តិពីក្នុងផ្ទះរបស់ពួកគេ ដែលទ្រព្យសម្បត្តិភាគច្រើន បានជាប់ក្នុងដីភក់ ក្រោយការជន់លិច ។
មន្រ្តីជាន់ខ្ពស់មួយរូបមកពីនាយកដ្ឋានឧតុនិយមឥណ្ឌា និយាយថា ស្រុកជាច្រើននៅក្នុងរដ្ឋ Himachal Pradesh បានទទួលភ្លៀងស្មើនឹង១ខែ ត្រឹមរយៈពេល ១ថ្ងៃប៉ុណ្ណោះ កាលពីចុងសប្តាហ៍កន្លងទៅ ហើយក្រុមអាជ្ញាធរ បានស្នើសុំឲ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរចេញពីផ្ទះ លុះត្រាតែចាំបាច់៕