
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមចម្រុះមាន ១១ប្រទេស នឹងចាប់ផ្តើមបង្វឹកពីឡុតអ៊ុយក្រែនពីវិធីរៀនបើកបរយន្តហោះចម្បាំង F-16 នៅមជ្ឈមណ្ឌលមួយកន្លែង ដែលនឹងត្រូវបង្កើតឡើងក្នុងប្រទេសរ៉ូម៉ានី នាខែសីហាខាងមុខនេះ ។
លោក Troels Lund Poulsen គឺជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិដាណឺម៉ាក បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំក្រុមមេដឹកនាំអង្គការណាតូ ក្នុងរដ្ឋធានី Vilnius ប្រទេសលីទុយអានី ថា ពួកយើងសង្ឃឺមថា នឹងអាចមើលឃើញលទ្ធផលនៅដើមឆ្នាំក្រោយ ។
គួរឲ្យដឹងថា ដាណឺម៉ាក និងហូឡង់ដែលជាសមាជិករបស់អង្គការណាតូ បានដឹកនាំកិច្ចខិតខំរបស់ក្រុមចម្រុះអន្តរជាតិ ក្នុងការបង្វឹកពីឡុត និងបុគ្គលឹកជំនួយ ថែទាំយន្តហោះ ហើយចុងក្រោយផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន ៕