
សភាថៃនឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយរហូតមកដល់ពេលនេះលោក Pita Limjaroenrat គឺជាបេក្ខជនឈរឈ្មោះតែមួយគត់ ដែលវាហាក់ដូចជាជម្រើសដ៏ងាយស្រួលមួយសម្រាប់សមាជិកសភា។
ឥទ្ធិពលនៃព្រឹទ្ធសភាដែលតែងតាំងដោយយោធាដែលមានសមាជិក ២៥០រូប គ្របដណ្តប់លើដំណើរការបោះឆ្នោតនេះមានន័យថា លទ្ធផលបោះឆ្នោតសម្រាប់សម្ព័ន្ធគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់លោក Pita នឹងមិនអំណោយផលនោះទេ។
ការបន្ថែមទៅលើភាពមិនប្រាកដប្រជាសម្រាប់លោក Pita នោះគឺប្រតិកម្មរបស់គណៈកម្មការរៀបចំការបោះឆ្នោតជុំវិញសំណួរអំពីគុណវុឌ្ឍិរបស់លោក Pita ស្របពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ថាលោកបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលជាការបំពានច្បាប់បោះឆ្នោត។
លោក Pita បានប្រមូលផ្តុំសម្ព័ន្ធភាពនៃគណបក្សចំនួន៨ ដែលកាន់កាប់ច្រើនជាង៦០% នៃអាសនៈចំនួន៥០០ នៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា។ លោកនៅតែត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភា ដើម្បីឈានដល់ការបោះឆ្នោតសភារួមបញ្ចូលគ្នាយ៉ាងតិច ៣៧៦អាសនៈ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
នៅក្នុងរបាយការណ៍មួយកាលពីដើមខែនេះ អ្នកវិភាគនៅក្រុមហ៊ុន Nomura Holdings Inc. បាននិយាយថា ប្រជាប្រិយភាពរបស់គណបក្សភឿថៃដឹកនាំរដ្ឋាភិបាលបានកើនឡើងដល់៦០% ពីចំនួន៥៥% ខណៈដែលប្រជាប្រិយនៃគណបក្សឆ្ពោះទៅមុខ (Move Forward) របស់លោក Pita បានធ្លាក់ចុះដល់៣០% ពីចំនួន៣៥%៕