
ទាហានអ៊ុយក្រែន ដែលឈរជើងនៅជិតទីក្រុង Bakhmut និយាយថា ពួកគេរុញច្រានសត្រូវបានដោយជោគជ័យនៅតំបន់ជុំវិញទីក្រុងភាគខាងកើតមួយនេះ ជាកន្លែងដែលអ៊ុយក្រែនដណ្តើមបានដែនដីមកវិញ ជាផ្នែកមួយនៃការវាយបករបស់ពួកគេ ។
កងអង្គភាពកាំភ្លើងធំ បានប្រើប្រាស់ជើងទម្របាញ់រ៉ុក្កែតចម្រុះកាណុងផលិតនៅប្រទេសក្រូអាត បាញ់ទៅលើគោលដៅរបស់ទាហានរុស្ស៊ី ។
មេបញ្ជាការរងកងអង្គភាពកាំភ្លើងធំអ៊ុយក្រែនដែលប្រាប់ឲ្យហៅគាត់ថា Barkas បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រោយរកឃើញទាហានថ្មើរជើងរុស្ស៊ី ធ្វើដំណើរចេញទៅក្រៅទីក្រុង Bakhmut ថា ពួកគេបានវាយប្រហារចំគោលដៅ និងបានបំផ្លាញទីតាំងសត្រូវ ។
អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ទាហានរបស់ពួកគេចាប់បានទាហានកាន់កាប់រុស្ស៊ីក្នុងអន្ទាក់នៅទីក្រុង Bakhmut ។
សូមបញ្ជាក់ថា រយៈពេលជាង ៥០០ថ្ងៃនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ការវាយបករបស់ទីក្រុងគីវ ដែលបានចាប់ផ្តើមកាលពីដើមខែមុន ផ្តោតសំខាន់លើការដណ្តើមមកវិញនូវភូមិជាច្រើននៅតំបន់ភាគអាគ្នេយ៍ និងរុលទៅជិតកងកម្លាំងរុស្ស៊ីដែលលាក់ខ្លួននៅទីក្រុង Bakhmut៕