ភ្នំពេញ ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង មានទំហំទឹកប្រាក់សរុប ៣១៩ លានដុល្លារ ក្នុងរយៈពេលបួនខែឆ្នាំ២០២០ កើនឡើង ៧,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
យោងតាមរបាយការណ៍ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KOTRA) ចាប់ពីខែមករា ដល់ខែមេសា ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ទៅទីផ្សារកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ ប្រមាណ ១២៤ លានដុល្លារ មានកំណើន ៨,៩ភាគរយ ធៀបនឹងរយៈពេលបួនខែឆ្នាំមុន។ ដោយឡែក កម្ពុជានាំចូលទំនិញពីកូរ៉េខាងត្បូង មានទំហំទឹកប្រាក់សរុប ១៩៤ លានដុល្លារ កើនឡើង ៦,២ ភាគរយ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារកូរ៉េខាងត្បូង មាន ដូចជា សំលៀកបំពាក់ ផលិតផលស្បែកជើង ផលិតធ្វើដំណើរ គ្រឿងបង្គំអគ្គិសនី និងផលិតផលកសិកម្ម។ ចំណែកផលិតផលដែលកូរ៉េខាងត្បូងនាំចូលមកកម្ពុជាវិញ មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលបា្លស្ទិក។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង រំពឹងថា នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងប្រទេសទាំងពីរ ចូលជាធរមាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះ គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២១នេះ។
ក្នុងឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា កូរ៉េខាងត្បូង ធ្លាក់ចុះ ១៤ភាគរយ មកត្រឹម ៨៨៤លានដុល្លារ ដោយសារការរីករាលដាលជំងឺកូវីដ១៩។ ក្នុងនោះ កម្ពុជា នាំចេញទៅកូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៣១៧ លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ៕

