
ទឹកឡើងតាមដងទន្លេ Yamunaរបស់ប្រទេសឥណ្ឌា ដែលហូរកាត់រដ្ឋធានីញូវដែល្លី បានឆ្លងផុតចំណុចគ្រោះថ្នាក់ ហើយនិងបង្ខំឲ្យប្រជាពលរដ្ឋក្នុងស្រុកដែលរស់នៅតាមតំបន់វាលទំនាប រត់ភៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព កាលពីថ្ងៃអង្គារ។
ស្របពេលដែលទឹកទន្លេគំរាមកំហែងដល់ការជន់លិចការតាំងលំនៅបណ្តោះអាសន្ននៅក្បែរនោះ ក្រុមអ្នកស្រុក ត្រូវតែបំលាស់ទីជាមួយកូនៗរបស់ពួកគេ គោក្របី និងទ្រព្យសម្បត្តិហេតុ ទៅលើចញ្ចើមផ្លូវ។
គួរឲ្យដឹងថា ទន្លេ Yamuna ស្ថិតនៅក្នុងទីក្រុងញូវដែល្លី ប្រឈមនឹងការហក់ខ្ពស់កម្រិតទឹកជារៀងរាល់ឆ្នាំ អំឡុងរដូវវស្សា ហើយវាបានបង្កការលំបាកខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមខ្ទមក្នុងតំបន់ទំនាបលិចទឹកទាំងនេះ។
ភ្លៀងមូសុងវស្សា ដែលចាប់ផ្តើមធ្លាក់ចាប់ពីខែមិថុនារហូតដល់ខែកញ្ញា បណ្តាលឲ្យស្លាប់មនុស្សផងដែរ ហើយធ្វើឲ្យមានការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ ប៉ុន្តែវាក៏បានផ្តល់ទឹកភ្លៀង ៧០ភាគរយដែលសំខាន់ចាំបាច់ដល់ប្រជាកសិករឥណ្ឌាផងដែរ ៕