ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពច្បាប់ស្តីពីសារពើពន្ធ ដល់សមាជិករបស់ សមាគម ផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងសមាជិករបស់សមាគមស្បែកជើងកម្ពុជា ដែល មាន សិក្ខាកាម ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបចំនួនជាង ១០០នាក់។
លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្រោយពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ស្តីពីសារពើពន្ធ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមាន ប៊ីធីវីថា គោលបំណងនៃការចុះផ្សព្វផ្សាយនេះ ដើម្បីបង្ហាញដល់អ្នកជាប់ពន្ធ ឲ្យបានយល់ពីបទប្បញ្ញត្តិទាំងអស់ ហើយឲ្យគាត់គោរពទៅតាមបទប្បញ្ញត្តិស្តីពីសារពើពន្ធ ដោយយើងត្រូវចូលរួមទាំងអស់គ្នា ក្នុងការបង់ពន្ធ ជូនរដ្ឋ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់សម្រាប់គោលដៅនិងការកសាងអភិវឌ្ឍន៍ប្រទេស។ បន្ថែមពីនេះ គឺបើកផ្លូវឲ្យមាន ការ ចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តនៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការគៀគរ និងគ្រប់ ការ ប្រមូលជាដើម។
លោកជំទាវ បានអំពាវនាវ និងលើកទឹកចិត្តទៅដល់អ្នកជាប់ពន្ធទាំងអស់ឲ្យចូលរួមជាមួយរដ្ឋាភិបាល គោរពច្បាប់ ស្តីពីសារពើពន្ធ និងបង់ពន្ធឲ្យស្របទៅតាមច្បាប់។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈណាស់ ពិសេសសម្រាប់សមាជិកលោកផ្ទាល់ ដោយសារអ្នកវិនិយោគភាគច្រើនជាជនបរទេស ដែលទាមទារឲ្យពួកគាត់ត្រូវយល់ដឹងឲ្យបានច្បាស់ និងលម្អិតបំផុតពាក់ព័ន្ធការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ប្រសិនបើពួកគាត់ មិនដឹងច្បាស់ទេ នៅពេលត្រូវប្រកាសពន្ធ ធ្វើឲ្យមានការប្រកាសខុស ឬឈាន ទៅដល់មានការពិន័យជាដើម។
ពាក់ព័ន្ធសិក្ខាសាលាខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធនេះ ឲ្យកាន់តែទូលំទូលាយថែមទៀតជូនដល់វិស័យឯកជន ដើម្បីបញ្រ្ជាបការយល់ដឹង និងអនុវត្តឲ្យបាន ត្រឹមត្រូវ តាមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់ថា ក្រោយចប់ការផ្សព្វផ្សាយនេះ សិក្ខាកាម ទាំងអស់នឹងយល់កាន់តែច្បាស់នូវច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារពាក់ព័ន្ធដទៃទៀត ដើម្បីចូលរួមបំពេញកាតព្វកិច្ច ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋាគយនិងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២ ការនាំចេញស្បែកជើងមានចំនួនទឹកប្រាក់ ១,៧៣៧ពាន់លានដុល្លារអាមេរិក ឬ ៧,៧% នៃការនាំចេញសរុបរបស់ប្រទេស ដោយមានទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន ចិន កូរ៉េ ប្រទេសក្នុងតំបន់ ជាពិសេសឧស្សាហកម្មស្បែកជើង និងផលិតផលធ្វើដំណើរ បានផ្តល់ការងារជូនដល់ប្រជាជនដោយផ្ទាល់ជាង ១៤ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងដោយប្រយោលដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ទៀត និងបានបង្កើតតម្រូវការសម្រាប់ទំនិញ និង សេវាកម្មនានា រួមមានការដឹកជញ្ជូន សំណង់ និងភស្តុភារ ដែលជួយបង្កើតការងារ និងជំរុញសកម្មភាពក្នុង វិស័យជា ច្រើនផ្សេងទៀតក្នុងប្រទេសកម្ពុជា៕ ដោយ ៖ បូរ៉ាវី







