
កាលពីថ្ងៃអាទិត្យ អង្គការប្រឆាំងសង្រ្គាមកាណាដាជាច្រើន បានប្រមូលផ្តុំគ្នានៅស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកតូរ៉ង់តូ ប្រទេសកាណាដា ដោយតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ-NATO) នៅទីក្រុង Vilnius ប្រទេសលីទុយអានី និងទាមទារឱ្យរដ្ឋាភិបាលកាណាដាដកខ្លួនចេញពីប្លុកយោធាមួយនេះ។
ក្រុមបាតុករបានលើកបដាដែលសរសេរថា "ប្រឆាំងកិច្ចប្រជុំកំពូលណាតូនៅក្រុង Vilnius" "បញ្ឈប់អង្គការណាតូ" និង "កាណាដាដកខ្លួនចេញពីណាតូ"។
ក្រុមអ្នករៀបចំបាតុកម្មបាននិយាយថា ពួកគេបានតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់ណាតូ ព្រោះវានឹងមិនផ្តោតលើការចរចាសន្តិភាព ឬការបញ្ចប់ជម្លោះនោះទេ ប៉ុន្តែការពង្រីកអង្គការណាតូ និងជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែនប៉ុណ្ណោះ។
អ្នកសារព័ត៌មាន និងមេធាវីជនជាតិកាណាដាម្នាក់ឈ្មោះ Dimitri Lascaris បាននិយាយនៅក្នុងការជួបជុំនោះថា សហរដ្ឋអាមេរិក និងអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានចាប់ផ្តើមសង្គ្រាមនៅក្នុងប្រទេសជាច្រើន ហើយពួកគេគឺជាការគំរាមកំហែងពិតប្រាកដចំពោះពិភពលោក។
ក្រុមបាតុករក៏បានចុះហត្ថលេខាលើលិខិតចំហចំនួនពីរច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដោយជំរុញឱ្យរដ្ឋាភិបាលដកខ្លួនចេញពីអង្គការណាតូ ហើយចំណាយថវិកាដែលបានបែងចែកទៅឱ្យអ៊ុយក្រែនទៅលើការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសវិញ៕