កំពង់ចាម ៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ លើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធផលនានារបស់កម្ពុជា ដែលបានខិតខំក៏សាងមកយ៉ាងលំបាកទុកជូនកូនចៅជំនាន់ក្រោយ។
ការលើកឡើងបែបនេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ធ្វើឡើងក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំត្រប់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដានេះ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំត្រប់ប្រមាណជាង ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឲ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕ ដោយ ៖ បូរ៉ាវី





