ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា បេក្ខជនបម្រុង តំណាងរាស្រ្ត ខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ បានដឹកនាំសមាជិក សមាជិកា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណ បក្សប្រជាជនកម្ពុជា នៅបរិវេណវត្តសង្ឃាយមាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ដែលមានអ្នកចូលរួមចំនួនប្រមាណ ៣៥០នាក់។
ក្នុងឱកាសនោះឯកឧត្តម អ៊ុក ប្រជា បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើង អគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកប ដោយ ក្តីសង្ឃឹម ជឿជាក់ តាមរយៈការ ចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។
ឯកឧត្តមបេក្ខជន បម្រុងតំណាងរាស្រ្ត លើកឡើងថា យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយនឹងប្តេជ្ញាចូលរួមក្នុងការការពារសន្តិភាពឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូប សញ្ញាទេវតាបាចផ្កាជាសម្គាល់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕ ដោយ ៖ បូរ៉ាវី





