អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជាមនុស្សមានមហិច្ឆតាដណ្តើមដែនដី និងល្មោភអំណាចនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់ណាតូកាលពីថ្ងៃពុធ ដែលអ៊ុយក្រែនបានទទួលការធានាសន្តិសុខថ្មីពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសម្រាប់ការការពារប្រឆាំងនឹងទីក្រុងមូស្គូ។

សមាជិកនៃប្លុកយោធាដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកមួយនេះ បានផ្តល់ការរំពឹងទុកនៃការការពាររយៈពេលវែង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានត្អូញត្អែរថា ជាការបដិសេធគ្មានហេតុផល ដែលមិនព្រមផ្តល់ការអញ្ជើញ ឬបញ្ជាក់ពេលវេលាសម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ។
អ៊ុយក្រែនបាននិងកំពុងជំរុញឲ្យទទួលយកសមាជិកភាពឲ្យបានឆាប់រហ័ស ខណៈការប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់បានភៀសខ្លួន។
ផ្ទុយទៅវិញ សេចក្ដីប្រកាសដោយក្រុមប្រទេសមានឧស្សាកម្មលូតលាស់បំផុតរបស់ពិភពលោកទាំង៧ឬG-7 បានចាប់ផ្តើមក្របខ័ណ្ឌសម្រាប់ការចរចាទ្វេភាគី ដើម្បីផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុ ការចែករំលែកព័ត៌មានសម្ងាត់ និងការសន្យាចាតើវិធានការភ្លាមៗ ប្រសិនបើរុស្ស៊ីវាយប្រហារម្តងទៀត។

លោក Biden បាននិយាយ ជាមួយលោក Zelensky និងមេដឹកនាំ G-7 ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ថា ការគាំទ្ររបស់យើងនឹងមានរយៈពេលយូរទៅអនាគត។ នោះគឺជាសេចក្តីថ្លែងការណ៍ដ៏មានអានុភាពនៃការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែន៕
ថ្លែងនៅក្នុងទីក្រុង វីលនីញូស (Vilnius) ប្រទេសលីទុយអានី នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅមាត់ទ្វារផ្ទះរបស់រុស្ស៊ី លោក Biden បាននិយាយថា លោក Putin បានមើលស្រាលយ៉ាងខ្លាំងចំពោះការដោះស្រាយរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក៕