ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រជុំដកបទពិសោធន៍ពីការដង្ហែក្បួនយុទ្ធនាការឃោសនា ដោយបានកំណត់យកទីតាំងជួបជុំ និងតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាថ្ងៃទី២១ កក្កដាខាងមុខ។
សម្រាប់ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទបញ្ចប់នូវយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែក្បួនលើតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមថង្ហែលើកទី៣ និងបិទបញ្ចប់នូវយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ កិច្ចប្រជុំនេះបានធ្វើឡើងនាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស.២៦ និងស.២៧ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយដោយយកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នឹងជួបជុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រួចដង្ហែរក្បួនចេញពីកោះពេជ្រ ចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅតំបន់បឹងកក់ ដែលមានតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





