ប្រណាំងកង់៖ ជើងឯកប្រណាំងកង់ Tour de France ឆ្នាំ២០១៩ កីឡាករកូឡុំប៊ី Egan Bernal បានឡើងមកនាំមុខគេក្នុងតារាងជើងឯក ក្រោយជ័យជំនះដំណាក់កាលទី៩ ប្រណាំងកង់ Grand Tour, Giro d’Italia ថ្ងៃអាទិត្យម្សិលមិញ។

ដំណាក់កាលទី៩ ដែលមានចម្ងាយផ្លូវ ១៥៨គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវភ្នំនេះ កីឡាកររបស់ក្រុមប្រណាំង Ineos Grenadiers, Egan Bernal បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៧នាទី ២៣វិនាទី តាមពីក្រោយដោយកីឡាករអ៊ីតាលី Giulio Ciccone របស់ក្រុម Trek-Segafredo យឺតជាង ៧វិនាទី និងលេខ៣ កីឡាកររុស្ស៊ី Aleksandr Vlasov របស់ក្រុម Astana។
ក្រោយ ៩ដំណាក់កាលនេះ Egan Bernal បានឡើងមកនាំមុខគេក្នុងតារាងរួម ដោយមានវេលាចំណេញ ១៥វិនាទីពីលើអ្នកលេខ២ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel និង ២១វិនាទីពីលើអ្នកលេខ៣ កីឡាកររុស្ស៊ី Aleksandr Vlasov។ ដំណាក់កាលទី១០ ថ្ងៃចន្ទនេះមានចម្ងាយផ្លូវ ១៣៩គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវរាបស្មើ៕
អត្ថបទ៖នាង សុភាវុធ