សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពប្រភេទកីឡា ៤រូប ដែលត្រៀមបញ្ជូនចូលរួមការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។
តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក សហព័ន្ធបានចាត់តាំងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ព្រមទាំងគ្រូបង្វឹកលោក ហែម ថុនពន្លឺ កីឡាករ មនត្រស ផានសុណ្ណអារុន និងកីឡាការិនី ឃឺន ចន្ទចរិយា ដើម្បីចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ ក្រៅពីដឹកនាំប្រតិភូកីឡាហែលទឹកកម្ពុជា ចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ លោក ហែម គិរី នឹងត្រូវចូលរួមមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា នាទីក្រុង Fukuoka ផងដែរ ។
អ្វីដែលពិសេស គឺសហព័ន្ធកីឡាហែលទឹកពិភពលោក បានជ្រើសរើសសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជំរុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្ត ដ្បិតមានសមាជិកសហព័ន្ធកីឡាហែលទឹកពិភពលោកតែ ១០ប្រទេសប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ផងដែរ៕ អត្ថបទ៖ លី ឈុនឡា
