ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការធិការជាតិ CAMSOC បានជំរុញដល់ភាគីពាក់ព័ន្ធចូលរួមធ្វើការផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានខ្លាំងក្លាបន្ថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញបន្ថែមបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីពិធីបួសសួង ថ្លែងអំណរគុណដល់ទសបារមីដែលបានបីបាច់ថែរក្សា ក្រុមសិល្បៈនានាចូលរួមសិល្បៈទស្សនីយភាព ក្នុងពិធីបើក និងបិទការប្រកួតកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ាហ្គេមនៅកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្រោយពិធីបួងសួងថ្លែងអំណរគុណទសបារមី សម្តេចពិជ័យសេនាទៀ បាញ់ ថ្លែងថា អស់រយៈពេលជាង ៦៤ ឆ្នាំមកហើយ ដែលកម្ពុជាបានរងចាំឱកាសធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ាប៉ារ៉ាហ្គេម។
ដូច្នេះសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូង គឺត្រូវបន្តប្រើគ្រប់មធ្យោបាយនានាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យមានភាពល្បីល្បាញជារៀងរហូត ជាពិសេសគឺការរៀបចម្លាក់ព្រឹត្តិការណ៍នេះនៅវិមានឈ្នះឈ្នះ។
ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងឲ្យក្រុមសិល្បករ សិល្បៈការិនីប្រមាណជាង៣ពាន់នាក់ ដែលចូលរួមសម្តែងទស្សនីយភាពយភាព ក្នុងពិធីបើក និងបិទការប្រកួតកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ាហ្គេមនៅកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានផ្តល់ការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្រុមសិល្បៈទាំងអស់គ្នា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ថ្លែងថា រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍កម្ពុជា រៀបចំប្រកួតកីឡា SEA GAMES និងASEAN PARA GAMES គឺមានមនុស្សចូលView មើលនៅតាមបណ្តាញព័ត៌មានសង្គម TikTok,និង Facebook ជាដើមមានជាង ៣០ ពាន់លាននាក់ និងតាមបណ្តាញផ្សព្វផ្សាយទូរទស្សន៍ មានប្រមាណ ៥៥០ លាននាក់ នៅតាមបណ្តាប្រទេសលើពិភពលោក៕អត្ថបទ៖ ស៊ុមសុខជា