កំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ពិសេសពលរដ្ឋវ័យចាស់ បានប្រកាសបន្តគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែគណបក្សប្រជាជនកម្ពុជាបានរំដោះជីវិតពលរដ្ឋចេញពីភ្លើងសង្គ្រាម និងផ្ដល់ភាពសុខសាន្តក្នុងការរស់នៅដូចបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ពលរដ្ឋ ក្នុងការជួបសំណេះសំណាលជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋប្រមាណជាង ៨០០ នាក់រស់នៅ ឃុំ មនោរម្យ និងឃុំ វាលពន់ ស្រុងថ្ពង ខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់ការលំបាកដូចជាសង្រ្គាម ភាពអត់ឃ្លាន និងភាពភ័យខ្លាចក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហមបានបញ្ជាក់ថា គណបក្សបក្សប្រជាជនកម្ពុជា គឺជាបានរំដោះជីវិតប្រជាពលរដ្ឋចេញពីសេចក្ដីស្លាប់ ហើយបានដឹកនាំប្រទេសកម្ពុជាឱ្យរស់រានមានជីវិតមកទល់បច្ចុប្បន្នដោយទទួលបាននូវភាពសុខសាន្តគ្រប់បែបយ៉ាង។
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ក៏ក្រើនរម្លឹកដល់ពលរដ្ឋត្រូវត្រៀម អត្តសញ្ញាណបណ្ណ រឺឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើដល់ការបោះឆ្នោតនាពេលខាងមុខឱ្យបានត្រឹមត្រូវ៕អត្ថបទ៖ គឹមហុក