កម្ពុជានឹងសម្រិតសម្រាំងតែប្រភេទកីឡាសក្ដានុពលប៉ុណ្ណោះ បញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដើម្បីធានាបាននូវការប្រកួតប្រជែងកម្រិតខ្ពស់ និងស្វែងរកលទ្ធផលកាន់តែល្អប្រសើរ បើធៀបនឹងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្មីៗ ។ ឯកឧត្តមមានប្រសាសន៍ថា មកទល់ពេលនេះ កម្ពុជាមិនទាន់សម្រេចកំណត់ប្រភេទកីឡា សម្រាប់បញ្ជូនទៅប្រកួតកីអាស៊ីនៅចិននោះទេ តែក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងធ្វើការជាមួយសហព័ន្ធកីឡាជាតិ ពាក់ព័ន្ធការងារនេះ ។
យ៉ាងណាមិញឯកឧត្តមសង្កត់ធ្ងន់ថា កីឡាត្រូវបញ្ជូនទៅប្រកួតកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ នឹងចម្រាញ់ចេញពីកីឡាសក្ដានុពលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្នុងនោះកីឡាមួយចំនួន ក៏ត្រូវបញ្ជូនទៅហ្វឹកហាត់នៅចិន ក្រោមជំនួយបន្ដរបស់រដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយកីឡាករ-កីឡាការិនីកម្រិតខ្ពស់មួយចំនួន នឹងត្រូវបានជ្រើសរើសចូលរួមការប្រកួតកីឡាអាស៊ីនៅទីនោះតែម្ដងផងដែរ ។
សូមរំឮកថា កាលពីកីឡាអាស៊ី លើក១៨ នៅឥណ្ឌូនេស៊ី កម្ពុជា បានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាចូលរួម ហើយដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះកីឡាករម៉ូតូទឹកដ៏ឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ និងកីឡាការិនីជឺជីតស៊ូឆ្នើមកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ដែលនាំឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិដណ្ដើមបានមេដាយមាស ២គ្រឿងលើកដំបូង បន្ទាប់ពីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ៕ អត្ថបទ៖ លី ឈុនឡា